Donate Us for Supporting

Wednesday, June 17, 2020

ដំណើរទស្សនាចរភាគឦសានឆ្លងកាត់ ភ្នំប្រុស និងប្រាសាទនគរបាជ័យ-Trip to Northe...





#ភ្នំប្រុសភ្នំស្រី#ប្រាសាទនគរបាជ័យ#PhnomProsPhnomSrei#NoKorBaCheyTemple#KampongCham#កំពង់ចាម
ដំណើរទស្សនាចរភាគឦសានឆ្លងកាត់ បូជាណីយដ្ឋាន ភ្នំប្រុស និង ប្រាសាទនគរបាជ័យ
សហការី F&B TV បានធ្វើដំណើរទស្សនាចរទៅភូមិភាគឦសាន នៃប្រទេសកម្ពុជាភាគទី ០១ ដោយឆ្លងកាត់ខេត្ដកំពង់ចាម ហើយបានចូលទស្សនា បូជាណីយដ្ឋានភ្នំប្រុស ដែលមានឈ្មោះជាផ្លូវការថា វត្ដសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្ដកំពង់ចាម និងដក់ស្រសង់នោទិដ្ឋភាពខ្លះដែលទាក់ទាញភ្ញៀវទេសចរណ៍ និងបន្ថែមការបរិយាយត្រួសៗអំពីប្រវិត្ដិខ្លះៗដែលទាក់ទងនឹងរឿងព្រេង និងប្រវតិ្ដសាស្រ្ដ ដើម្បីចែកជូនដល់ទស្សនិកជនជាការចែករម្លែក ឬជាបទពិសោធន៍។ សកម្មភាពរបស់ពួកយើងធ្វើឡើងដើម្បីជាការលើកស្ទួយ និងគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក ឲ្យកាន់តែមានដង្ហើមថែមទៀត ជាពិសេសជុំរុញការយកចិត្ដទុកដាក់ អភិរក្សថែរក្សាឲ្យមានសោភ័ណភាព ក្រោមពាក្យស្លោកមួយលើកឡើងថា រមណីយដ្ឋានស្អាត សេវាល្អ។

ក្រៅពីនេះ យើងបានចូលទស្សនា វត្ដប្រាសាទនគរបាជ័យ ស្ថិតនៅ ភូមិអង្គរក្នុង ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ដដែល។ ពួកយើងក៏បានដកស្រង់នូវទិដ្ឋភាពរបស់ប្រាសាទ និងបន្ថែមការបរិយាយខ្លះៗផង ដើម្បីជាការណែនាំឲ្យបងប្អូនបានស្គាស់ខ្លះអំពីប្រាសាទបេតិកភ័ណ្ឌរបស់យើង។

សមាសភាពចូលរួមមានដូចជា លោក ហ៊ុយ ប៊ុនហ៊ាង (០០៧) លោក សូរ សំណាង (០០៩) លោក ធី វត្ថា ( ពេទ្យសត្វ) និងលោក រីឆាត (មគ្គុទ្ទេសក៍ទេសចរណ៍ ភាសាខ្មែរ និងរូស្សី ។ ពួកយើងធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយ ម៉ូតូ ឆ្លងកាត់ជាច្រើនខេត្ដ និងស្នាក់នៅផ្ទះសំណាក់ជាច្រើន ដើម្បីជាការដកស្រង់បទពិសោធន៍ លើសេវាកម្មទេសចរណ៍នីមួយៗ និងភាពខុសប្លែកគ្នាលើកម្រឹតស្ដង់ដារផងដែរ។ ទោះបីវាជាកាលៈទេសៈដែលស្ថិតក្នុងភាពខ្វះខាតក៏ដោយ តែវាជាឱកាស សម្រាប់ពួកយើងធ្វើវា ក្នុងពេលដែលមិនមានភាពមមាញឹកក្នុងការងារផ្ទាល់ខ្លួន។

ដូច្នេះសម្រាប់ការខ្វះខាតលើការកាត់ បច្ចេកទេសថត និងការបកស្រាយផ្សេងៗមិនបានល្អ សូមមេត្ដាខន្ដីអភ័យទោសផង ព្រោះយើងមិនសូវមានជំនាញច្បាស់ ថែមទាំងខ្វះខាតសម្ភារៈមួយចំនួនធំ តែដោយសារការស្រឡាញ់ និងការចែករំលែក បានធ្វើឲ្យពួកយើងព្យាយាមប្រឹងប្រែងបង្កើតវាឡើង ព្រមទាំងទទួលរាល់ការផ្ដល់មតិយោបល់ ក្នុងន័យស្ថាបនា ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ប្រវត្ដិខ្លះនៃ វត្ដសុវណ្ណគិរីរតនៈភ្នំប្រុស ៖

រឿងភ្នំប្រុសភ្នំស្រី

បើធ្វើដំណើរចេញពីភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ មើលទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិ​ប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។

រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖

កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។

រជ្ជកាលនោះគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ អស់មួយរាជ្យសេ្តចស្រីនេះ។ លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា «ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ" ។ លុះគិតដូចេ្នះហើយ ក៏នាំគ្នាទៅបបួល ពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន ខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា «យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ»។ គិតព្រមគ្នាហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។

នាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលាបីបួនម៉ោង ក៏នាំគ្នាបង្អូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ។ ពួកប្រុសៗក្រេឡកមើលទៅលើ ឃើញគោមដែលស្រីបង្អូតនិងឬស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្រ្ទាលក់អស់ទៅគ្មានសល់ម្នាក់។ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា «យើងទាំងអស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ»។ ហើយនាំគ្នាក្រលែកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថៃ្ងនេះ។
ដកស្រង់ចេញពីវ៉ិបសាយ វីគីភីឌា ភាសាខ្មែរ
ប្រាសាទនគរបាជ័យ ៖
ប្រាសាទនគរបាជ័យស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីភ្នំពេញ។ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។
Find us more in
Instagram :
https://www.instagram.com/fnbtv_art/
Facebook :
https://web.facebook.com/fnbtvart/
Youtube :
http://www.youtube.com/c/FBTVOfficial
Blogger :
https://fnbtvart.blogspot.com
Google Business :
https://fnbtv.business.site/?m=true

#FnBTV#fnbtv#Khmer #Cambodia #Countryside






No comments:

Post a Comment